ឡាង តាន់៖ ធ្វើការជាមួយអ្នក១៧មេសា ហូបមិនបានគ្រប់គ្រាន់

(តាកែវ) ឡាង តាន់ អាយុ៥៤ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម តាន់ ធ្វើការងាររែកដី លើកទំនប់, ជីកប្រឡាយ, ជីកស្រះតាមវត្ត, លើកប្រព័ន្ធភ្លឺ នៅក្បែរបុរីជលសា ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ នៅក្នុងកងលើកប្រឡាយ តាន់ ធ្វើការងារជាមួយអ្នក១៧ មេសា ហេតុនេះហើយបានជាគាត់បានហូបតែបបរ ជាមួយសម្លព្រលឹត ឬត្រកួន។ ពេលទៅហូបអាហារ តាន់ ត្រូវធ្វើស្មុកដាក់បបរ ទុកហូបជាមួយសម្លបន្តិចន្តួច។ ប្រសិនបើអ្នកណាម្នាក់គ្មានស្មុក ឬស្មុករហែកកំពុបបបរអស់ នោះអង្គការមិនផ្ដល់អាហារឲ្យម្ដងទៀតទេ។
នៅរដូវប្រមូលផល អង្គការបានបញ្ជូន តាន់ ឲ្យធ្វើការងាររែកកណ្ដាប់ស្រូវពីក្នុងស្រែ យកទៅឲ្យកងចាស់ៗក្នុងលានបោក។ នៅពេលធ្វើការងារ តាន់ ឆ្លៀតពេលលួចបូតស្រូវស្ទើរទុំយកទៅដំឲ្យល្អិតហូប។ តាន់ បានបន្តថា ស្រូវដែលគាត់លួចហូបមានរសជាតិផ្អែមឆ្ងាញ់ ប៉ុន្តែហូបយូរៗទៅធ្វើឲ្យគាត់កើតមានអាការៈហើម។ នៅពេលដែល តាន់ ឈឺម្ដាយរបស់គាត់បានលួចបេះផ្លែត្រឡាចនៅក្នុងភូមិរួចស្ងោរយកមកឲ្យគាត់ហូប។ តាន់ បានបន្តថា ត្រឡាចដែលម្ដាយគាត់យកមកចំនួនមួយរួចពុះជា៤ចំណិត គាត់ហូបមិនដល់៥នាទីទេ ហើយត្រឡាចដែលយកមកនោះមានរសជាតិផ្អែមឆ្ងាញ់។ តាន់ ហូបត្រឡាចស្ងោរមួយរយៈ ទើបជំងឺហើមរបស់គាត់បានធូរស្បើយ។ តាន់ បានរៀបរាប់ទៀតថា ម្ដាយឪពុករបស់គាត់ គឺជាប្រជាជន ១៨ មីនា គឺបានហូបឆ្អែត ព្រោះឪពុករបស់គាត់ធ្វើជាប្រធានកងគោ ហើយម្ដាយធ្វើជាប្រធានកងអង្ករ ប៉ុន្តែកូនៗ ត្រូវរស់នៅអត់ឃ្លាន។
នៅឆ្នាំ១៩៧៨ តាន់ បានចេញពីកងចល័ត ទៅរស់នៅ និងធ្វើការក្នុងកងគោជាមួយឪពុក ហើយការហូបអាហារគឺល្អជាងមុន។ នៅក្នុងកងគោ តាន់ បានហូបបាយស្រួយជាមួយសម្ល ឬសាច់គោ។ សាច់គោដែល តាន់ ទទួលបានគឺបានមកពីឪពុករបស់គាត់ ដែលបានយកកូនគោដែលស្លាប់ដោយសារផ្អើលជាន់គ្នា ឬគោដែលស្លាប់នៅក្នុងព្រៃយកមកធ្វើម្ហូប។ ចំពោះការហូបសាច់គោនេះ ប្រសិនបើអង្គការដឹងនិងចាប់គាត់ និងឪពុក យកទៅដាក់គុក ឬសម្លាប់។
តាន់ ធ្វើការងារនៅក្នុងកងគោបានរយៈពេលប្រមាណ២ខែ ស្រាប់តែមានកងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលមក និងកៀរគាត់ និងប្រជាជនផ្សេងទៀតយកទៅប្រទេសវៀតណាម។ នៅតាមផ្លូវធ្វើដំណើរ កងទ័ពស្ម័គ្រចិត្តវៀតណាមបានដើរសងខាងប្រជាជន។ លុះដល់ពេលឆ្លងទឹកស្ទឹង ឬព្រែក ទើបកងទ័ពវៀតណាមបានយកទូកមកចម្លង ប៉ុន្តែបើទូកដាក់មិនអស់មនុស្ស គឺទាហានត្រូវហែលទឹកចម្លងប្រជាជនម្ដងម្នាក់ ឬម្ដងពីរនាក់រហូតដល់អស់។ ពេលចូលទៅក្នុងប្រទេសវៀតណាម តាន់ បានទទួលអង្ករ និងបានមើលកុន ឬល្ខោន។ ក្រោយមក វៀតណាមបានបញ្ជូន តាន់ ត្រឡប់មកប្រទេសកម្ពុជាវិញ។
ពេលមកដល់កម្ពុជា តាន់ បានស្ម័គ្រចិត្តចូលធ្វើជាទាហាន ក៥។ នៅក៥ តាន់ ធ្វើការកាប់ព្រៃម្ដុំព្រៃក្ដួច ដើម្បីធ្វើផ្លូវឲ្យឡានដឹងសព្វាវុធ និងស្បៀងឆ្លងកាត់។ តាន់ បានឲ្យដឹងទៀតថា វគ្គដែលគាត់ទៅគឺចុងក្រោយ ដូច្នេះមិនសូវពិបាកដូចអ្នកជំនាន់មុនៗនោះទេ ព្រោះជំនាន់មុន ត្រូវចេញទៅធ្វើការងារឆ្ងាយៗដល់ខេត្តប៉ៃលិន ហើយមានមនុស្សស្លាប់ច្រើននាក់ដោយសារតែជាន់មីននៅក្នុងព្រៃ និងកើតជំងឺគ្រុនចាញ់។ នៅឆ្នាំ១៩៩២ តាន់ បានរៀបការ និងប្រចាំការនៅបន្ទាយតាកែវ ប៉ុន្តែដោយអង្គភាពដែលគាត់ធ្វើការត្រូវប្ដូរទៅនៅបន្ទាយលង្វែក ឆ្ងាយពីផ្ទះ ទើបគាត់ឈប់ធ្វើជាទាហាន រួចត្រលប់មកផ្ទះវិញ។
សម្ភាសដោយ៖ កាន់ សុខភាព ថ្ងៃទី១១ ខែកញ្ញា ២០២១
អត្ថបទដោយ៖ ភា រស្មី

