សម្រាក១៥នាទី

(ស្ទឹងត្រែង)៖ ឈៀង ឆាត អាយុ៦៦ឆ្នាំ រស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ឆាត មានជំងឺសន្លាក់ដៃជើង និងធ្លាប់មានជំងឺស្លាប់មួយចំហៀងខ្លួន ហើយបានទៅសម្រាកព្យាបាលជំងឺនៅប្រទេសវៀតណាមរយៈពេលមួយខែ ទើបបានធូរស្បើយអាចដើរបានវិញ ប៉ុន្តែមិនអាចដូចដើមនោះទេ។
នៅឆ្នាំ១៩៧០ ឆាត រស់នៅស្រុកកំណើតនៅឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ នៅពេលនោះគាត់រៀននៅថ្នាក់បឋមសិក្សា ប៉ុន្តែគាត់ត្រូវឈប់រៀន ព្រោះមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ និងការទម្លាក់គ្រាប់បែកបណ្ដាលឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាជន។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានគ្រប់គ្រងភូមិដែល ឆាត រស់នៅ និងបានចាត់តាំងឱ្យគាត់ធ្វើការងារនៅក្នុងកងចល័ត។ នៅក្នុងរបបខ្មែរក្រហម សមាជិកគ្រួសាររបស់ ឆាត មិនបានរស់នៅជុំគ្នាឡើយ គឺស្នាក់នៅសហករណ៍ផ្សេងគ្នា។ ខ្មែរក្រហម បានបែងចែកឱ្យឪពុកម្ដាយរបស់គាត់ធ្វើការងារនៅក្នុងកងចាស់ជរា, ចំណែក ឆាត ធ្វើការងារនៅក្នុងកងចល័ត, រីឯប្អូនៗរបស់គាត់ ធ្វើការងារនៅក្នុងកងកុមារ។ ជារៀងរាល់ថ្ងៃ ឆាត ត្រូវក្រោកពីម៉ោងបួនទៀបភ្លឺតម្រង់ជូរដើម្បីស្ដាប់ការចាត់តាំងរបស់ខ្មែរក្រហម ម៉ោងប្រហែល៥ទើបចេញទៅធ្វើការ។ សន បាននិយាយថានៅពេលព្រឹកខ្មែរក្រហមអនុញ្ញាតឱ្យសម្រាកចំនួន១៥នាទី បន្ទាប់មកត្រូវធ្វើការងារបន្តរហូតដល់ម៉ោង១១ថ្ងៃត្រង់សម្រាកហូបអាហារ។
របបអាហារនៅពេលនោះ មានតែបបរដែលមានទឹកច្រើនជាងគ្រាប់អង្ករ លាយជាមួយសម្លម្ជូរត្រកួន និងម្ជូរព្រលឹត។ គាត់បានបន្ថែមថា មានពេលខ្លះអង្គការផ្ដល់បាយឱ្យហូប ប៉ុន្តែមិនច្រើននោះទេ។ របបអាហារនៅក្នុងមួយថ្ងៃ គាត់ទទួលបានអាហារហូបចំនួនពីរពេល ពេលថ្ងៃត្រង់ និងពេលល្ងាច។ ដោយសារបញ្ហាកង្វះអាហារ មានប្រជាជនជាច្រើន រួមទាំង ឆាត បានធ្លាក់ខ្លួនឈឺ។ អ្នកជំងឺធ្ងន់ធ្ងរ ខ្មែរក្រហមឱ្យឈប់សម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកអ្នកជំងឺល្មមៗគឺឱ្យទៅធ្វើការងារធម្មតា។ គាត់បានបន្តថា មានអ្នកជំងឺមួយចំនួនបានបាត់បង់ជីវិតនៅមន្ទីរពេទ្យព្រោះមិនមានថ្នាំដែលត្រូវនឹងស្ថានភាពជំងឺ ថែមទាំងការព្យាបាលរបស់គ្រូពេទ្យមិនមានជំនាញត្រឹមត្រូវ។
នៅឆ្នាំ១៩៧៨ សន បានរៀបការជាមួយនឹងប្រពន្ធរបស់គាត់។ ខ្មែរក្រហម បានប្រកាសហៅឈ្មោះយុវជន-យុវនារីឱ្យចាប់ដៃគ្នា បន្ទាប់មកខ្មែរក្រហមបានឡើងថ្លែងសន្ទរកថា និងឱ្យប្ដី-ប្រពន្ធទាំងនោះឡើងប្ដេជ្ញាចិត្តចំពោះមុខអង្គការ។
នៅចុងឆ្នាំ១៩៧៨ ឆាត បានចូលរួមចលនាតស៊ូជាមួយនឹងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា។ នៅអំឡុងពេលចូលរួមចលនាតស៊ូ គឺមានភាពខ្វះខាតច្រើន គ្មានសម្លៀកបំពាក់, គ្មានសម្ភារប្រើប្រាស់, គ្មានអាហារហូបចុកគ្រប់គ្រាន់ និងគ្មានទីកន្លែងជម្រកត្រឹមត្រូវ ពេលយប់ត្រូវសម្រាកនៅក្នុងព្រៃ។ គាត់បានបន្ថែមថា នៅពេលនោះគាត់បានឃើញខ្មែរក្រហមចាប់មនុស្សចង បណ្ដើរទៅជាជួរៗយកទៅសម្លាប់ចោល និងមានសាកសពជាច្រើននៅតាមរណ្ដៅ និងតាមអណ្ដូងទឹក៕
សម្ភាសន៍ដោយ៖ អឿង ម៉ូលីកា ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

