ដាញ គួន៖ ព្រលឹងចុងសក់

ដាញ គួន រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (២០២១)

(តាកែវ)៖ ដាញ គួន ភេទស្រី មានអាយុ ៧២ឆ្នាំ ជាកសិករ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ គួន មានម្ដាយឈ្មោះ ប៉ុល កែវ, ឪពុកឈ្មោះ ដាញ ថន និងមានបងប្អូនបីនាក់ ក្នុងនោះស្រីពីរនាក់ និងម្នាក់ស្លាប់ក្នុងរបបខ្មែរក្រហម។

នៅរបបសង្គមរាស្ត្រនិយម គួន ដែលមានអាយុ ១៧ឆ្នាំ បានឈប់រៀនត្រឹមថ្នាក់អក្ខរកម្ម ដោយសារម្ដាយមានជំងឺ និងដើរស៊ីឈ្នួលបកផ្លែគ និងវេញខ្សែចងពពែសម្រាប់លក់។ មិនយូរប៉ុន្មាន គួន បានរៀបការ និងប្រកបរបរលក់បន្លែ។

នៅរបប លន់ នល់ នៅអំឡុងពេលយប់អធ្រាត្រ គឺមានការទម្លាក់គ្រាប់បែកនៅព្រៃលើ។ គួន និយាយថា កន្លែងដែលទម្លាក់គ្រាប់បែក គឺមានរណ្ដៅយ៉ាងធំប៉ុនស្រះទឹក។ គួន មានការភិតភ័យដោយសារការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងទាហាន លន់ នល់ នៅក្នុងភូមិ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចនៅប្រទេសកម្ពុជា គួន ដែលជាប្រជាជនមូលដ្ឋានត្រូវបានខ្មែរក្រហមជម្លៀសទៅរស់នៅភូមិខ្វាវ។ គួន ចងចាំថា មានប្រជាជន១៧មេសា ដែលជម្លៀសមកពីទីក្រុងភ្នំពេញ មករស់នៅរួម និងធ្វើការរួម។ គួន ត្រូវធ្វើការតាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ និងបន្តពីម៉ោង១កន្លះថ្ងៃរហូតដល់ម៉ោង៥ល្ងាច។

ក្រោយមក គួន ត្រូវខ្មែរក្រហមបញ្ជូនទៅជីកព្រែក, ស្ទូងស្រូវ និងពង្រាបដី នៅសំរោងយ៉ោង។ គួន ថាគាត់ត្រូវធ្វើការប្រណាំងប្រជែងទាំងហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ប្រជាជនទាំងអស់ត្រូវទៅហូបអាហារនៅរោងកាស៊ីនបាយ។ គាត់បានរៀបរាប់ថា ខ្មែរក្រហមដាំបបរមួយខ្ទះត្នោត ដោយដាក់អង្ករបីកំប៉ុងលាយជាមួយស្លឹកដំឡូងជ្វា និងធ្វើសម្លមួយខ្ទះត្នោតដាក់អំបិលរហូតដល់បីគីឡូក្រាមចែកឲ្យប្រជាជនហូប។ គួន បានលួចខ្ជាប់សម្លដែលគាត់ហូបសល់ទុកធ្វើអំបិល។ នៅពេលសម្រាន្ត គួន បានលួចហូបស្លឹកដំឡូង និងគល់ល្ហុងលាយជាមួយអំបិលនោះ។

នៅរបបខ្មែរក្រហម គួន មានការភ័យខ្លាច, មិនហ៊ានត្អូញត្អែរអំពីការលំបាក និងនិយាយថា “ព្រលឹងនៅចុងសក់” ដោយសារគាត់ខ្លាចខ្មែរក្រហមយកទៅវាយសម្លាប់នៅវត្តកកោះ ឬវត្តចាស់ ក្នុងឃុំត្រពាំងសាប។ ខ្មែរក្រហមតែងតែចាប់មនុស្ស និងដឹកតាមរទេះសេះយកទៅទីនោះ។ ក្រៅពីនេះ ខ្មែរក្រហមបានរៀបការប្រជាជនដោយបង្ខំពីដប់ទៅម្ភៃគូក្នុងពេលតែមួយ។

នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ គួន បានត្រលប់មករស់នៅស្រុកកំណើត និងដាំដំឡូងដូរយកអង្ករ។ នៅរបបខ្មែរក្រហម គួន មានកូនម្នាក់ដែលបាត់បង់ជីវិត និងនៅក្រោយរបបខ្មែរក្រហម គួន មានកូនចំនួនបីនាក់ទៀត។ សព្វថ្ងៃ គួន មានជំងឺប្រចាំកាយ និងរស់នៅជាមួយកូនស្រី៕

សម្ភាសដោយ ពេជ្រ លក្ខិណា ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin