រស់ ស៊ិន៖ អតីតប្រធានភូមិ

(តាកែវ)៖ រស់ ស៊ិន កើតក្នុងឆ្នាំ១៩៤៤ ភេទប្រុស មានអាយុ ៧៧ឆ្នាំ ជាកសិករ រស់នៅភូមិអាជំាង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ស៊ិន មានម្ដាយឈ្មោះ សោ និងឪពុកឈ្មោះ ចិត្រ។ ស៊ិន ជាកូនកសិករ និងកំព្រាតាំងពីតូច។
នៅរបបសង្គមរាស្ត្រនិយម ស៊ិន បានរៀននៅតាមផ្ទះនាពេលយប់ និងឈប់រៀនត្រឹមថ្នាក់អក្ខរកម្ម។ នៅក្នុងរបបនោះ គាត់បានរៀបការ និងមានកូនចំនួនបួននាក់។
នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ស៊ិន ចងចាំថាមានបាតុកម្មនៅសាលាស្រុក និងការបាញ់សម្លាប់បាតុករ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ នៅក្នុងភូមិអាជំាង ស៊ិន និយាយថា គឺមានការទម្លាក់គ្រាប់បែក និងការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម, កងទ័ពវៀតកុង និងកងទ័ពវៀតមិញ ជាមួយទាហាន លន់ នល់ នៅស្ថានីយរថភ្លើង។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាចបានជម្លៀសប្រជាជនថ្មីមកពីទីក្រុងភ្នំពេញ ដែលភាគច្រើនជាកូនចៅចិន។ អ្នកទាំងនោះត្រូវខ្មែរក្រហមជម្លៀសបន្តទៅខេត្តបាត់ដំបង។ ស៊ិន និយាយថា ទាំងប្រជាជនចាស់ និងប្រជាជនថ្មី គឺចោទប្រកាន់គ្នាទៅវិញទៅមក និងត្រូវបានខ្មែរក្រហមគំរាមកំហែង និងបញ្ជូនទៅវត្តកកោះ។ អំពីការរៀបការដោយបង្ខំ ស៊ិន និយាយថា មិនមានការបង្ខំនោះទេ ប៉ុន្តែជាការស្រឡាញ់គ្នាទៅវិញ។ គាត់ បន្តថា ខ្មែរក្រហមរៀបការឲ្យប្រជាជនរហូតដល់ដប់គូក្នុងពេលតែមួយ។
នៅរបបខ្មែរក្រហម ស៊ិន ដែលជាប្រជាជនមូលដ្ឋានត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាប្រធានភូមិព្រេច និងមានសមាជិកទាំងអស់ចំនួនបីនាក់ ក្នុងនោះបុរសពីរនាក់ និងនារីម្នាក់។ ក្រោយមក ស៊ិន ត្រូវគ្រប់គ្រងភូមិព្រេច, ភូមិអាជាំង និងភូមិត្រពាំងសាប ដោយបង្កើតរោងបាយ នៅសាលាវត្តសិរី។ ស៊ិន រៀបរាប់ថាគាត់ត្រូវធ្វើការពីព្រឹករហូតដល់យប់ និងជួនកាលគាត់ត្រូវទៅប្រចាំការ និងសែងអ្នករបួសនៅសមរភូមិ។ នៅរបបនោះ គាត់ទទួលទានបាយឬបបរលាយជាមួយដំឡូងក្នុងមួយពេល ដោយសារអង្ករ និងស្រូវត្រូវខ្មែរក្រហមដឹកចេញទៅប្រទេសចិន។ ស៊ិន ធ្វើជាប្រធានភូមិរហូតដល់របបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។
នៅឆ្នាំ១៩៧៩ ស៊ិន បានត្រលប់មករស់នៅស្រុកកំណើត និងប្រកបរបរធ្វើស្រែចម្ការ។ ក្រោយមក គាត់មានកូនចំនួនដប់នាក់។ សព្វថ្ងៃ គាត់មានជំងឺសន្លាក់ និងជំងឺរលាកទងសួត៕
សម្ភាសដោយ ពេជ្រ លក្ខិណា ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥

