ឯក ណារ៉ា៖ ឆេះបាត់ជើង និងមុខនៅពេលទម្លាក់គ្រាប់បែក

នៅក្នុងសម័យ លន់ នល់ ស្ថានភាពគ្រួសារណារ៉ា មានការផ្លាស់ប្ដូរទាំងស្រុង ព្រោះផ្ទះរបស់គាត់ និងសម្ភារប្រើប្រាស់ផ្សេងៗត្រូវបានភ្លើងឆេះអស់។ បន្ទាប់មក គ្រួសារណារ៉ា បានទទួលសម្លៀកបំពាក់ និងជំនួយបន្តិចបន្តួចពីអ្នកភូមិ រួចភៀសខ្លួនទៅនៅទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៥ គ្រួសាររបស់ណារ៉ា បានជម្លៀសទាំងបង្ខំមកនៅភូមិមចាម ឃុំចំបក់ ខេត្តតាកែវវិញ។ នៅក្រោមការគ្រប់គ្រងរបស់អង្គការ ណារ៉ា គ្មានសិទ្ធិសេរីភាពទាំងអស់ បងប្អូនត្រូវបែកគ្នា ហើយមិនអាចនិយាយគ្នាបាននៅពេលដែលជួបដោយចៃដន្យ។ មួយវិញទៀត ណារ៉ា ត្រូវធ្វើការងាររាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានភាគច្រើនគឺបបររាវៗជាមួយសម្លបន្លែព្រលឹត ឬត្រកួនបន្តិចបន្តួច។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេប របស់ណារ៉ា តាំងពីក្មេងរហូតដល់ខ្មែរក្រហមដួលរលំ៖
ឯក ណារ៉ា ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ណារ៉ាឈ្មោះ ឯក ភោគ ហើយម្ដាយឈ្មោះ ឌុច រឿន និងមានបងប្អូន៧នាក់(ស្រី២នាក់)។ ណារ៉ា មានប្ដីឈ្មោះ លុក ហ៊ល រៀបការនៅឆ្នាំ១៩៧៨ និងមានកូន៤នាក់(ស្រី២នាក់)។ កាលពីក្មេង ណារ៉ា ចូលរៀនដំបូងក្នុងឆ្នាំ១៩៦៦ នៅសាលាបឋមសិក្សាចំបក់។ ណារ៉ា ឈប់រៀនត្រឹមថ្នាក់ទី៨ បន្ទាប់ពីមានសង្គ្រាមកើតឡើងនៅឆ្នាំ១៩៧០ ហើយសាលាទាំងអស់ត្រូវបានបិទដំណើរការ។
នៅខែមីនា ឆ្នាំ១៩៧០ បន្ទាប់ពីលោក លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីតំណែងប្រមុខរដ្ឋ ប្រជាជនជាច្រើននាក់បានចូលរួមធ្វើបាតុកម្មប្រឆាំងជាមួយរបបសាធារណៈរដ្ឋខ្មែរ។ ចំណែកឯស្ថានភាពនៅក្នុងភូមិតានប់ ចាប់ផ្ដើមប្រែប្រួល ព្រោះមានយន្តហោះទម្លាក់គ្រាប់បែកបេ និងគ្រាប់បែកធុងសាំងជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យមនុស្សស្លាប់, របួស, ឆេះផ្ទះអស់ជាច្រើនខ្នង និងខូចខាតទ្រព្យសម្បត្តិជាច្រើនទៀត។ ចំពោះគ្រួសារណារ៉ា ផ្ទះ និងទ្រព្យសម្បត្តិ បានឆេះអស់នៅក្នុងភ្លើង ប៉ុន្តែមិនមានបាត់បង់ជីវិតសមាជិកគ្រួសារនោះទេ គឺមានតែណារ៉ាម្នាក់ប៉ុណ្ណោះដែលឆេះបាតជើង និងមុខបន្តិចបន្តួច។ បន្ទាប់មក ម្ដាយរបស់ណារ៉ា បាននាំកូនៗទាំងអស់ដើរទៅថ្នល់សំរោងយ៉ោង ដើម្បីចាំប្ដីយកកង់រម៉កមួយដែលនៅសល់ រួចបន្តដំណើរទៅទីក្រុងភ្នំពេញ ដើម្បីព្យាបាលរបួសណារ៉ា និងគេចពីសង្គ្រាម។ នៅតាមផ្លូវធ្វើដំណើរ គ្រួសារណារ៉ា បានទទួលសម្លៀកបំពាក់ និងជំនួយបន្តិចបន្តួច ពីប្រជាជនតាមផ្លូវ។ នៅទីក្រុងភ្នំពេញ គ្រួសាររបស់ណារ៉ា បានទៅសុំបងប្អូនរស់នៅជាមួយ និងចាប់ផ្ដើមប្រកបរបបលក់ដូរ។ ក្រោយមក ដោយសារតែផ្ទះបងប្អូនចង្អៀតពេក ទើបគ្រួសារណារ៉ា សម្រេចចិត្តចេញទៅជួលផ្ទះរស់នៅរហូតដល់ឆ្នាំ១៩៧៥។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានចូលគ្រប់គ្រងទីក្រុងភ្នំពេញ និងបានជម្លៀសប្រជាជនទាំងអស់ពីទីក្រុងភ្នំពេញ ទៅទីជនបទភ្លាមៗ។ អំឡុងពេលជម្លៀស ឪពុករបស់ណារ៉ា បានយកអង្ករ និងសម្ភារមួយចំនួន ដាក់លើរម៉កកង់ រួចនាំកូន៤នាក់ ធ្វើដំណើរតាមទន្លេ ហើយម្ដាយ, បងប្រុស និងប្អូនពៅ ធ្វើដំណើរផ្លូវផ្សេងទៀត។ ណារ៉ា បានធ្វើដំណើរជាមួយឪពុករយៈពេលពីរខែ ទើបទៅដល់ភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលជាផ្ទះរបស់បងប្អូនជីដូនមួយ ហើយម្ដាយ និងបងប្អូនរបស់គាត់ទៅដល់តាមក្រោយ។ ពេលមកដល់ភូមិបចាម អង្គការបានសួរនាំប្រវត្តិរូបសមាជិកគ្រួសារណារ៉ា ជាច្រើនដង ហើយចាប់ផ្ដើមកាត់សក់ និងបញ្ជូនឲ្យទៅធ្វើការងារតាមក្រុម។ ចំពោះ ណារ៉ា អង្គការបានចាត់តាំងគាត់ទៅក្នុងកងចល័ត ដើម្បីធ្វើការងាររែកដី លើកទំនប់ ចាប់ពីខាងកើតផ្សារចំបក់ រួចបន្តទៅឃុំពោធិ៍រៀង និងឃុំត្នោត។ នៅក្នុងកងចល័ត យុវជនទាំងអស់ត្រូវធ្វើរោងសម្រាកក្បែរការដ្ឋានការងារ និងហូបអាហាររួមគ្នានៅទីនោះ។
មួយឆ្នាំបន្ទាប់ ណារ៉ា បានទទួលដំណឹងថា អង្គការបានជម្លៀសប្រជាជនថ្មីចេញទៅ ខេត្តបាត់ដំបង និងទៅតំបន់ផ្សេងៗទៀត ហើយគ្រួសាររបស់គាត់ ត្រូវបានកម្មាភិបាលខ្មែរក្រហមបញ្ជូនទៅនៅម្ដុំខ្លោងទ្វាវត្តអូព័ទ្ធដែលជាកន្លែងប្រមូលផ្ដុំគ្រួសារទាហាន។ ម្ដាយឪពុករបស់ណារ៉ា បានធ្វើខ្ទមរស់នៅជាមួយគ្រួសារទាហាន រហូតដល់ឆ្នាំ១៩៧៧ ទើបប្ដូរទៅភូមិបឹងលាច ខាងកើតផ្សារចំបក់ ដែលជាកន្លែងប្រមូលផ្ដុំប្រជាជនថ្មី។ នៅភូមិបឹងលាច ឪពុកម្ដាយណារ៉ា មិនបានធ្វើខ្ទមរស់នៅទេ គឺស្នាក់នៅផ្ទះរបស់ប្រជាជន ហើយប្រសិនបើផ្ទះធំគឺស្នាក់នៅច្រើនគ្រួសារ។ ចំណែកឯណារ៉ា មិនបានទៅជួបឪពុកម្ដាយនោះទេ។ លើសពីនេះទៅទៀត ណារ៉ា បានធ្វើជាមើលមិនឃើញបងប្រុសបង្កើតរបស់ខ្លួន នៅពេលដែលជួបដោយចៃដន្យតាមផ្លូវ ព្រោះខ្លាចប្រជាជនយកទៅរាយការណ៍អង្គការ។
នៅខែតុលា ឆ្នាំ១៩៧៨ អង្គការបានអនុញ្ញាតឲ្យយុវជនទាំងអស់ស្នើរៀបការជាមួយបុរស ឬនារីដែលខ្លួនពេញចិត្ត។ ណារ៉ា និងប្ដី បានស្នើសុំអង្គការរៀបការក្នុងពេលនោះ រួមជាមួយយុវជនប្រមាណ២៤គូផ្សេងទៀតនៅអង្គសឹង្ហ។ បន្ទាប់ពី ណារ៉ា រៀបការរួច អង្គការចាត់តាំងគាត់និងប្ដី ឲ្យធ្វើការងារនៅកន្លែងផ្សេងគ្នា ដោយណារ៉ា ធ្វើការដាំដំឡូងនៅផ្លូវជាតិលេខ៣ ហើយប្ដីទៅធ្វើការងារដាំបន្លែនៅភូមិផ្សេង រហូតដល់ថ្ងៃទី១០ ឬថ្ងៃទី៣០ ទើបបានត្រលប់ទៅជួបគ្នាម្ដងនៅផ្ទះ។ ណារ៉ា រៀបការរួច បានរយៈពេលប្រមាណ៣ខែ ទើបយោធារបស់ខ្មែរក្រហមចាញ់សង្គ្រាម។
នៅខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ណារ៉ា បានត្រលប់ទៅនៅភូមិតានប់។ មុនដំបូង ណារ៉ា មិនបានធ្វើការងារអ្វីទេ ព្រោះពេលនោះគាត់មានទម្ងន់កូនស្រីច្បង ហើយប្ដីរបស់គាត់ប្រកបរបបដាំបន្លែលក់។ បន្ទាប់ពី ណារ៉ា សម្រាលកូនរួច គាត់បានប្រកបរបបលក់ដូរ ដោយទិញស្ករពីផ្សារសំរោងយ៉ោង យកទៅដូរអង្ករពីប្រជាជននៅក្នុងភូមិ។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ណារ៉ា មានជំងឺរលាកឆ្អឹង និងរលាកសន្លាក់។ ណារ៉ា គិតថាជំងឺរបស់គាត់កើតឡើងដោយសារតែការការធ្វើការងារច្រើនក្នុងរបបខ្មែរក្រហម, កង្វះជីវជាតិ និងអាយុរបស់គាត់កាន់តែច្រើន។
សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

