ហង់ ផល្លា៖ បង្រៀនក្មេងៗឲ្យដឹងពីការតស៊ូ និងការលំបាកក្នុងសម័យខ្មែរក្រហម

នៅក្នុងរបប លន់ នល់ ផល្លា រៀនបានត្រឹមថ្នាក់ទី៩ នៅទីក្នុងភ្នំពេញ។ ចូលដល់របបខ្មែរក្រហម ផល្លា បានជម្លៀសមកភូមិតានប់វិញ និងចេញទៅទូលជី និងធ្វើជីនៅពានចេក តាមអង្គការចាត់តាំង។ នៅពេលដែល ផល្លា អាយុច្រើនបន្តិច អង្គការបានចាត់តាំងគាត់ទៅកងយុវជន តំបន់៥៥។ ការរស់នៅតំបន់ថ្មីគឺមិនស្រួលនោះទេ ផល្លា ត្រូវធ្វើការងារធ្ងន់ៗ ហើយហូបមិនគ្រប់គ្រប់។ នៅពេលដែលមានជំងឺ អង្គការមិនបានព្យាបាលត្រឹមត្រូវនោះទេ ហេតុនេះហើយបានជាម្ដាយ និងប្អូនរបស់គាត់ត្រូវស្លាប់ដោយសារក្ដៅខ្លួនខ្លាំងពេក។
ហង់ ផល្លា ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុកផល្លាឈ្មោះ ហង់ សីហា ហើយម្ដាយឈ្មោះ ហង់ សាហន និងមានបងប្អូន៥នាក់(ស្រី៤នាក់) ក្នុងនោះស្លាប់នៅក្នុងសម័យខ្មែរក្រហមម្នាក់ និងម្នាក់ទៀតស្លាប់ដោយសារជំងឺ ក្រោយរបបខ្មែរក្រហមដួលរលំ។ ផល្លា បានចូលរៀនដំបូងឆ្នាំ១៩៧០ នៅសាលាវត្តអង្គរុន។ បន្ទាប់មក គ្រួសាររបស់ផល្លា បានភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមបានទទួលជ័យជម្នះ ផល្លា បានឈប់រៀនត្រឹមថ្នាក់ទី៩ និងជម្លៀសមករស់នៅភូមិតានប់វិញ។ នៅភូមិតានប់ អង្គការបានជម្លៀសគ្រួសារផល្លា មករស់នៅទួលមួយនៅពានចេក ភូមិសីហា ឃុំចំបក់ ខាងកើតឡុងធុន។ ពេលមកដល់ពានចេក អង្គការបានចាត់តាំង ផល្លា ឲ្យចូលក្នុងកងកុមារ ដើម្បីធ្វើជី ទូលជីដាក់ស្រែ ហើយជីតារបស់គាត់ដាំដំណាំផ្សេងៗ។
បន្ទាប់មកនៅពេលដែល ផល្លា ធំពេញវ័យ អង្គការបានបញ្ជូនគាត់ទៅក្នុងក្រុមកងចល័តឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស តំបន់៥៥។ នៅក្នុងក្រុមកងចល័ត ផល្លា ធ្វើការងារលើកទំនប់, ជីកប្រឡាយ, ធ្វើស្រែ និងធាក់រហាត់ទឹកធ្វើស្រែប្រាំង។ អំឡុងពេល ផល្លា ធ្វើការងារ គាត់បានឃើញកងឈ្លបស្ពាយកាំភ្លើងទៅចាប់មនុស្សចងរួចបណ្ដើរតាមផ្លូវ ប៉ុន្តែមិនដឹងថាយកទៅណា។
ចំពោះការហូបអាហារ ក្នុងមួយឆ្នាំ អង្គការដាំបាយឲ្យ ផល្លា និងយុវជនកងចល័តហូបរយៈពេលប្រមាណ២ខែ ក្រៅពីនោះគឺហូបបបរលាយជាមួយបន្លែត្រកួន ឬព្រលឹត។ មួយវិញទៀត ប្រសិនបើមានជំងឺ គឺមិនមានការព្យាបាលត្រឹមត្រូវនោះទេ ដែលជាហេតុធ្វើឲ្យម្ដាយ និងប្អូនម្នាក់របស់ផល្លា ស្លាប់ដោយសារជំងឺក្ដៅខ្លួន។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីខ្មែរក្រហមដួលរលំ ផល្លា បានចូលធ្វើការជាឈ្លបឃុំតាំងយ៉ាប។ ផល្លា ធ្វើឈ្លបបានពីរឆ្នាំ ទើបគាត់ចេញទៅរៀនបន្តទៀត។ នៅឆ្នាំ១៩៨៥ ផល្លា រៀបការជាមួយឈ្មោះ ឈិន ថា និងមានកូនចំនួន៥នាក់ ក្នុងនោះមានស្រី៣នាក់។ ផល្លា បានយកការលំបាករបស់ខ្លួនក្នុងសម័យខ្មែរក្រហមប្រាប់ទៅសិស្សានុសិស្ស ជាពិសេសកូនៗរបស់គាត់ ឲ្យដឹងពីប្រវត្តិតស៊ូ និងការលំបាកក្នុងរបបខ្មែរក្រហម ដើម្បីឲ្យក្មេងជំនាន់ក្រោយខិតខំប្រឹងប្រែងរៀនសូត្រ។
សម្ភាសដោយ៖ កែប ម៉ៃ សុជាតា ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

