ហែម ចាប៖ ជាងភ្លើងនៅរោងចក្រស៊ីម៉ងត៍ចក្រីទីង

(កំពត)៖ ហែម ចាប ភេទប្រុស មានអាយុ ៦៦ឆ្នាំ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ចាប មានឪពុកឈ្មោះ លី, ម្ដាយឈ្មោះ ហែម និងមានបងប្អូនដប់បីនាក់។ បច្ចុប្បន្ន ចាប មានប្រពន្ធឈ្មោះ ឌី ដៀល និងមានកូនបួននាក់។
អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ចាប បានចូលរៀននៅសាលាវត្តព្រែត្រសក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារ និងការទម្លាក់គ្រាប់បែក ចាប ដែលមានអាយុប្រហែល ១៣ឆ្នាំ បានឈប់រៀនត្រឹមថ្នាក់ទី៧ (សង្គមចាស់) និងធ្វើស្រែចម្ការ។ ក្រោយមក ចាប បួសអស់រយៈពេលពីរវស្សា។ ចាប និយាយថា កងទ័ពវៀតណាមបានចូលមកក្នុងភូមិចុងស្រង់ និងប្រយុទ្ធជាមួយកងទ័ពម៉ារីន (ទាហាន លន់ នល់) ដែលបណ្ដាលឲ្យប្រជាជនរងរបួស និងបាត់បង់ជីវិតដោយសារគ្រាប់ផ្លោង។
នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមឡើងកាន់អំណាចទូទាំងប្រទេស ចាប ដែលជាប្រជាជនចាស់ ត្រូវបានខ្មែរក្រហមឲ្យធ្វើការខាងអគ្គីសនីក្នុងរោងចក្រស៊ីម៉ងត៍ចក្រីទីង នៅភ្នំបុស្សដំបង និងរោងចក្រប្រេងកាត អស់រយៈពេលបីឆ្នាំ។ ចាប ថានៅទីនោះ គាត់ធ្វើការក្នុងបន្ទប់អគ្គីសនី ជាមួយជនជាតិចិន។ នៅទីនោះ ចាប ត្រូវបានខ្មែរក្រហមរៀបការដោយបង្ខំជាមួយប្រពន្ធឈ្មោះ លៀប (ស្លាប់) និងក្រោយមកមានកូនប្រាំនាក់។ ចាប ថាគាត់ហូបចុកមិនគ្រប់គ្រាន់ ដោយមានតែបាយមួយវែកក្នុងពេលប៉ុណ្ណោះ។
នៅឆ្នាំ១៩៧៩ នៅពេលរបបខ្មែរក្រហមដួលរលំ ចាប បានព្រាត់ប្រាសប្រពន្ធកូន និងរត់គេចពីកងទ័ពវៀតណាមទៅផ្លូវជាតិលេខ៤តែម្នាក់ឯង។ ក្រោយមក ចាប ធ្វើដំណើរទៅភូមិត្រពាំងអណ្តើក រហូតទៅដល់ទឹកឈូ។ នៅរបបខ្មែរក្រហម ចាប បាត់បង់បងប្អូនម្នាក់ឈ្មោះ ហែម ហឿន ដែលចូលធ្វើទាហាន។ សព្វថ្ងៃ ចាប មានជំងឺបេះដូងប្រចាំកាយ៕
សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥

