កឹម ជួន៖ អង្ករប្រាំកំប៉ុង

(កំពង់ស្ពឺ)៖ កឹម ជួន ភេទស្រី មានអាយុ ៦៨ឆ្នាំ សព្វថ្ងៃប្រកបរបរជាកសិករ។ ជួន មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជួន មានឪពុកឈ្មោះ ម៉ី ឡី, ម្ដាយឈ្មោះ កង ជា និងគាត់ជាកូនទោល។
នៅរបបសង្គមរាស្ត្រនិយម បន្ទាប់ពីសិក្សានៅសាលាវត្តអង្គស្តុក អស់រយៈពេលពីរឆ្នាំត្រឹមថ្នាក់ទី២ ជួន បានឈប់រៀន និងដើរស៊ីឈ្នួលធ្វើស្រែចម្ការក្នុងភូមិ។ នៅឆ្នាំ១៩៧០ នៅរបប លន់ នល់ ជួន បានរៀបការជាមួយប្តីឈ្មោះ ប៊ូ ឃី និងមានកូនចំនួនប្រាំនាក់ ក្នុងនោះស្រីពីរនាក់។ ជួន ចងចាំថា នៅថ្ងៃរៀបការ គឺមានការទម្លាក់គ្រាប់បែកនៅភូមិវះពោះ ធ្វើឲ្យភ្ញៀវទាំងអស់ភិតភ័យមិនបានចូលរួមពិធីនោះទេ រួមទាំងគាត់ក៏ត្រូវរត់ចេញពីផ្ទះ។ ក្រោយមក ដោយសារភាពភ័យខ្លាចនៃការទម្លាក់គ្រាប់បែក ជួន បានធ្វើលេណដ្ឋាននៅភូមិត្រាំខ្នារ។ ក្រោយពីការទម្លាក់គ្រាប់បែកមានភាពស្ងប់ស្ងាត់ ជួន បានត្រលប់ទៅរស់នៅភូមិរកាពកវិញ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាច បានចាត់ទុកគ្រួសាររបស់ជួន ជាប្រជាជនមូលដ្ឋាន។ ជួន ត្រូវធ្វើការនៅរោងកាស៊ីនបាយ ដោយដាំស្លមួយថ្ងៃពីរពេល គឺនៅពេលថ្ងៃត្រង់ និងពេលល្ងាច។ ជួន និយាយថាអង្ករប្រាំកំប៉ុងដាំបានបបរមួយខ្ទះធំ ដែលលាយជាមួយគល់ចេក ឬគល់ល្ហុង ចែកឲ្យប្រជាជនក្នុងម្នាក់ទទួលបានមួយកា ចំណែកក្មេងៗបានតែកន្លះកាប៉ុណ្ណោះ។ ប្រជាជនទាំងអស់ត្រូវហូបស្មើភាពគ្នា សូម្បីតែគាត់ធ្វើការនៅរោងបាយ ក៏ត្រូវហូបដូចប្រជាជនដទៃទៀតដែរ ដោយគ្មានការលួចហូបនោះទេ។ ប្រជាជនណាម្នាក់ដែលលួចដំឡូងហូប នឹងត្រូវខ្មែរក្រហមយកទៅកសាង។ នៅរបបខ្មែរក្រហម ជួន រំឭកថា ពូរបស់គាត់ត្រូវខ្មែរក្រហមយកទៅឃុំខ្លួននៅមន្ទីរឃុំឃាំងព្រែករំដួល ដោយសារលួចទឹកត្នោត ប៉ុន្តែក្រោយមក ខ្មែរក្រហមបានដោះលែងពូរបស់គាត់វិញ។
ក្រៅពីម៉ោងដាំស្ល ជួន ត្រូវទៅធ្វើស្រែចម្ការ, រែកដីដំបូក, និងជីកប្រឡាយ នៅតាមត្រពាំង, ព្រែក និងការដ្ឋានផ្សេងៗដូចជានៅអង្គខ្ជាយ និងភូមិស្តុក។ ចំណែក ប្តីរបស់គាត់ ធ្វើជាកងទ័ពខ្មែរក្រហម។ នៅពេលគាត់មានជំងឺ គឺមានតែទឹកដូងសម្រាប់ព្យាបាលប៉ុណ្ណោះ ដោយគ្មានពេទ្យណាយកចិត្តទុកដាក់នោះទេ ហើយអ្នកដែលរិះគន់អង្គការ នឹងត្រូវយកទៅវាយសម្លាប់។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ជួន បានឃើញសាកសពជាច្រើននៅវត្តអង្គក្តី ចំណែកផ្ទះឈើ និងវិហារផ្សេងៗត្រូវខ្មែរក្រហមរុះរើស្ទើរគ្មានសល់។ ជួន និយាយថា ប្រជាជន១៧មេសា ជាកូនចៅចិន ឬវៀតណាម, អតីតនិស្សិត និងទាហាន ឬអ្នកមានការអប់រំពីមុនមកដែលមកពីទីក្រុងភ្នំពេញ ត្រូវបានខ្មែរក្រហមស្រាវជ្រាវប្រវត្តិរូប និងវាយសម្លាប់នៅទីនោះ៕
សម្ភាសដោយ កេង ភត្ត្រា ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥

