ឡុង ខីម៖ ខ្មែរក្រហមវាយដំធ្វើបាបខ្ញុំ

(កំពត)៖ ឡុង ខីម ភេទស្រី មានអាយុ ៥៦ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ខីម មានឪពុកឈ្មោះ ឡុង, ម្ដាយឈ្មោះ សំ ឃួន និងមានបងប្អូនប្រាំពីរនាក់។ ខីម មានប្តីឈ្មោះ អូន គាប់ និងមានកូនបីនាក់។
អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ខីម បានរៀននៅសាលាវត្តព្រៃត្រសក់ និងក្រោយមក ឈប់រៀន និងត្រលប់មកធ្វើស្រែជាមួយឪពុកម្ដាយ។ នៅពេលមានការទម្លាក់គ្រាប់បែកក្នុងភូមិ គ្រួសាររបស់ខីម បានរត់ទៅរស់នៅស្រុកឈូក។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាច បានចាត់ទុកគ្រួសាររបស់ខីម ជាប្រជាជនចាស់។ ខីម ត្រូវកាប់ទន្ទ្រានខេត្ត, រែកដីនៅភូមិគោកវែង និងក្រោយមក គាត់ត្រូវមើលក្មេងដែលមានអាយុតិចជាងគាត់នៅភូមិទូកមាស។ ចំណែក ឪពុកម្ដាយរបស់ខីម ត្រូវធ្វើការនៅកន្លែងផ្សេងដែលអ្នកទាំងពីរត្រូវរែកដី និងដកស្ទូង។ ខីម និយាយថា យូរៗម្តងទើបខ្មែរក្រហមអនុញ្ញាតឲ្យទៅលេងឪពុកម្ដាយ។
ជារៀងរាល់ថ្ងៃ ខីម ត្រូវធ្វើការតាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង១១ព្រឹក ទើបបានសម្រាកហូបបាយ ដោយមានតែបបរ ឬបាយចំនួនពីរវែក និងសម្លព្រលិតប៉ុណ្ណោះសម្រាប់ហូបក្នុងមួយពេល។ នៅម៉ោង១រសៀល ខីម ត្រូវបន្តធ្វើការរហូតដល់ពេលយប់។ ខីម ចងចាំថាគាត់ត្រូវខ្មែរក្រហមចោទថាខ្ជិលច្រអូស និងវាយដំធ្វើបាប នៅពេលគាត់អស់កម្លាំង។
នៅរបបខ្មែរក្រហម ប្រជាជនត្រូវបានខ្មែរក្រហមយកទៅសម្លាប់អស់ជាច្រើននាក់។ ខីម បានឮថា ឈ្មោះ អ៊ីត គឺ ជាអ្នកយកមនុស្សទៅវាយសម្លាប់។ ក្រៅពីនេះ នៅរបបខ្មែរក្រហម ខីម ថាមានការរៀបការដោយបង្ខំជាច្រើនគូ ឬ៣០គូក្នុងពេលតែមួយ។ អ្នកទាំងនោះត្រូវប្តេជ្ញាចិត្តនៅចំពោះមុខអង្គការ ដែលមិនអាចប្រកែកបាន។
នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ ខីម បានត្រលប់ទៅរស់នៅភូមិគោកវែង និងប្រកបរបរជាកសិករ។ នៅពេលរំឭកពីរបបខ្មែរក្រហម ខីម តែងតែនិយាយថា គាត់ត្រូវហូបចុកមិនគ្រប់គ្រាន់, ធ្វើការទាំងយប់ទាំងថ្ងៃ, ព្រាត់ប្រាសពីឪពុកម្ដាយ និងស្លៀកពាក់ពណ៌ខ្មៅ៕
សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥

