ម៉ុច កង៖ ស្រងេះស្រងោចរៀងរាល់រាត្រី

ម៉ុច កង រស់នៅក្នុងភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (២០២១)

(តាកែវ)៖ ម៉ុច កង កើតក្នុងឆ្នាំ១៩៣៩ ភេទប្រុស មានអាយុ ៨៣ឆ្នាំ ជាកសិកររស់នៅក្នុងភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ កង មានម្ដាយឈ្មោះ ឈឹម ញ៉ែ, ឪពុកឈ្មោះ ម៉ុច តុក និងមានបងប្អូនដែលនៅរស់ចំនួនបួននាក់ ក្នុងនោះមានឈ្មោះ ភូម, ផា, ផាន និងរូបគាត់។

នៅរបបសង្គមរាស្ត្រនិយម កង បានចូលរៀន និងបួសនៅវត្តតាំងពីអាយុ៩ឆ្នាំរហូតដល់អាយុ២៣ឆ្នាំ ទើបគាត់សឹក និងរៀបការប្រពន្ធឈ្មោះ ប្រាក់ ញ៉ែត និងប្រកបរបរធ្វើស្រែចម្ការ។ នៅមុនរបបខ្មែរក្រហម កង មានកូនចំនួនបីនាក់ និងបច្ចុប្បន្នមានកូនចំនួនប្រាំនាក់។

នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ទាហាន លន់ នល់ បានដោះរូបព្រះឆាយាល័ក្ខណ៍សម្តេចនៅខាងមុខសាលាចេញ និងយកសាលានោះធ្វើជាបន្ទាយទាហាន។ នៅពេលនោះ ប្រជាជនរាប់ពាន់នាក់ដែលគាំទ្រសម្តេចបាននាំគ្នាយករូបព្រះឆាយាល័ក្ខណ៍នោះទៅដាក់វិញ ដោយសម្រុកចូលបន្ទាយទាហាន។ កង និយាយថា ទាហាន លន់ នល់ បានឆ្លើយតបដោយបើកការបាញ់រះទៅលើប្រជាជនបណ្ដាលឲ្យស្លាប់ប្រហែលជាងសាមសិបនាក់ និងរងរបួសជាច្រើននាក់។

មិនយូរប៉ុន្មាន កង ថាមានការទម្លាក់គ្រាប់បែកនៅភូមិអង្គ និងភ្នំតាម៉ៅ និងមានការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងទាហាន លន់ នល់ ធ្វើឲ្យប្រជាជនមួយចំនួនបានភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ។ នៅថ្ងៃមួយ ទាហាន លន់ នល់ បានសួរគាត់ថាមានឃើញកងទ័ពខ្មែរក្រហមដែរឬទេ? គាត់បានឆ្លើយថា គាត់ឃើញមានកងទ័ពខ្មែរក្រហមប្រហែលជា៥០ទៅ៦០នាក់ ដើរឆ្លងកាត់ក្នុងភូមិ និងគេចពីទាហាន លន់ នល់។ នៅពេលនោះខ្មែរក្រហមមិនបានធ្វើបាបប្រជាជននោះទេ។

នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនមកពីទីក្រុងភ្នំពេញ និងចាត់ទុកជាប្រជាជន១៧មេសា។ កង និយាយថា ប្រជាជនទាំងនោះត្រូវបានខ្មែរក្រហមធ្វើទុក្ខម្នេញជាងប្រជាជនមូលដ្ឋាន។ កង ដែលជាប្រជាជនមូលដ្ឋានត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិទៅជីកប្រឡាយ និងលើកទំនប់នៅតាមព្រែក ដែលបណ្ដាលឲ្យគាត់កើតជំងឺហើម ដោយសារការហូបចុកមិនគ្រប់គ្រាន់ និងធ្វើពលកម្មហួសកម្លាំង។

ក្រោយមក កង បានលើកដៃសំពះស្នើសុំខ្មែរក្រហមទៅធ្វើការក្នុងភូមិវិញ ដោយសារគាត់មានវ័យចាស់។ កង និងសមាជិកបីនាក់ទៀត ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅឃ្វាលគោចំនួន២០០ក្បាលនៅខាងត្បូងភ្នំតាម៉ៅ។ នៅម៉ោងសម្រាក សមាជិកក្រុមម្នាក់ត្រូវទៅយករបបអាហារនៅរោងកាស៊ីនបាយ។ កង និយាយថា ខ្មែរក្រហមដាំបបរមួយខ្ទះត្នោត គឺដាក់អង្ករតែបីកំប៉ុងប៉ុណ្ណោះ និងលាយជាមួយមើមដំឡូងចែកឲ្យប្រជាជនហូបក្នុងមួយពេល។

នៅរបបខ្មែរក្រហម កង ត្រូវព្រាត់ប្រាសឪពុកម្ដាយនិងបងប្អូន។ ចំណែក កូនរបស់គាត់ត្រូវខ្មែរក្រហមបញ្ជាឲ្យទៅធ្វើការក្នុងកងកុមារ។ នៅរបបនោះ ប្រជាជនត្រូវរៀបការដោយបង្ខំនៅការដ្ឋាន ដោយមានពី៧ទៅ៨គូក្នុងពេលតែមួយ។ កង ចងចាំថា ជារៀងរាល់យប់ គាត់តែងតែមានអារម្មណ៍ស្រងេះស្រងោចនៅពេលឮស្នូរសំឡេងរទេះសេះដែលខ្មែរក្រហមកំពុងដឹកប្រជាជនទៅវាយសម្លាប់នៅវត្តកកោះ។ កង ត្រូវតស៊ូធ្វើការដើម្បីរស់ពីមួយថ្ងៃទៅមួយថ្ងៃ។

នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ កង ​បានប្រកបរបរធ្វើស្រែចម្ការ។ សព្វថ្ងៃ កង មានជំងឺសន្លាក់ដៃជើង៕

សម្ភាសដោយ ពេជ្រ លក្ខិណា ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin