ពិល នន៖ ដកសំណាបដល់ម៉ោង១១អធ្រាត្រ

ពិល នន​ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត (២០២១)

(កំពត)៖ ពិល នន ភេទស្រី មានអាយុ ៧៧ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ នន មានឪពុកឈ្មោះ យ៉ាវ, ម្ដាយឈ្មោះ ញ៉ែត (ស្លាប់តាំងពីគាត់នៅកុមារភាព) និងមានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។ នន មានប្តីឈ្មោះ ងី និងមានកូនប្រាំនាក់ ក្នុងនោះស្រីបីនាក់។

នៅកុមារភាព នន មិនបានរៀនសូត្រនោះទេ និងប្រកបរបរត្បាញកន្ទេល។ អំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០ នន ថាមានការទម្លាក់គ្រាប់បែកនៅព្រែកត្នោត, កំពង់ស្វាយ​ និងក្រសាំងខ្ពស់ បណ្ដាលឲ្យឆេះនិងខូចខាតផ្ទះសំបែងរបស់ប្រជាជន។ ក្រោយមក មានកងទ័ពវៀតណាមចូលមកពីខាងត្បូងភូមិគោកវែង។

នៅមុនរបបខ្មែរក្រហម នន បានរៀបការ និងនៅរបបខ្មែរក្រហម នន មានកូនចំនួនបីនាក់។ នន ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនមូលដ្ឋាន និងត្រូវធ្វើការក្នុងកងស្រ្តីនៅទួលខ្ពស់ ដោយមានឈ្មោះ ភាច ជាមេកង។ គាត់ត្រូវរែកជីអាចម៍គោ ដីដំបូកយកទៅដាក់វាលស្រែ និងធ្វើការដោយមិនហ៊ានឈប់សម្រាកនោះទេ។ នៅរបបខ្មែរក្រហម ប្រជាជនទាំងអស់ត្រូវស្លៀកពាក់ពណ៌ខ្មៅ។

ជារៀងរាល់ថ្ងៃ នន ត្រូវចាប់ផ្តើមធ្វើការពីម៉ោង៧ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបគាត់បានសម្រាក និងហូបបាយរួម។ នន បញ្ជាក់ថាក្នុងមួយថ្ងៃគាត់ទទួលបានបបរពីរវែក។ ចំណែក ឪពុករបស់នន ធ្វើជាការជាអ្នកបរទេះ។ ក្រោយមក នន និងប្តី ត្រូវខ្មែរក្រហមជម្លៀសទៅធ្វើការនៅភូមិត្បាល់កិន ដោយត្រូវរែកដី, ស្ទូង និងដកសំណាបរហូតដល់ម៉ោង១១យប់អធ្រាត្រ។

នៅរបបខ្មែរក្រហម នន បានចូលរួមប្រជុំ ដែលមានសមាជិកប្រហែលដប់នាក់​ នៅពេលនោះ គាត់ឃើញប្រជាជនរៀបការដោយបង្ខំ និងប្តេជ្ញានៅចំពោះអង្គការខ្មែរក្រហម។ ក្រៅពីនេះ នៅពេលយប់ ខ្មែរក្រហមបានចាប់ប្រជាជនថ្មី និងគ្រួសារកូនចៅចិនជាច្រើននាក់ ដែលមកពីក្រុងភ្នំពេញ និងក្រុងកំពត យកទៅមន្ទីរឃុំ (បច្ចុប្បន្នសាលាឃុំ) ដែលគ្រប់គ្រងដោយឈ្មោះ តាចិន។​ នន បន្តថា បងប្អូនជីដូនមួយរបស់គាត់ឈ្មោះ សំបូរ ដែលជាអតីតទាហានសក្តិមួយ រួមទាំងប្រពន្ធនិងកូនពីរនាក់ ត្រូវបានខ្មែរក្រហមថានាំយកទៅធ្វើការនៅទូកមាស។ នន ថាប្រជាជនជាច្រើនត្រូវបានខ្មែរក្រហមសម្លាប់នៅភូមិអង្គ និងនៅខាងលិចភូមិកំពង់ស្វាយ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ នន និងគ្រួសារ បានត្រលប់មករស់នៅភូមិគោកវែង ដោយប្តីរបស់នន បានចាប់ផ្តើមប្រកបរបរជាគ្រូបង្រៀន៕

សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin