សូត្រ រិត៖ ពិបាកក៏ខ្ញុំមិនដឹងធ្វើយ៉ាងណា ខ្ញុំមានតែសម្របខ្លួន

សូត្រ រិត រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត (២០២១)

(កំពត)៖ សូត្រ រិត ភេទស្រី មានអាយុ ៦៥ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ រិត មានឪពុកឈ្មោះ អូ ពេញ, ម្ដាយ ណេត ញឹម និងមានបងប្អូនប្រាំពីរនាក់ ក្នុងនោះស្លាប់ម្នាក់។

អំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០ រិត ដែលមានអាយុ ៨ឆ្នាំ បានចូលរៀននៅសាលាវត្តព្រៃត្រសក់។ អំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០ រិត បានឈប់រៀនត្រឹមថ្នាក់កុមារដ្ឋាន។ រិត ថានៅពេលនោះ មានកងទ័ពធីវគី (វៀតណាមខាងត្បូង) ចូលមកប្រមូលយកគោក្របីនៅក្នុងភូមិ ក្រោយពីមានការទម្លាក់គ្រាប់បែកនៅភូមិទាន់ហន់ និងព្រៃរមែង បណ្ដាលឲ្យខូចខាតផ្ទះសំបែងរបស់ប្រជាជន។ មិនយូរប៉ុន្មាន រិត ថាមានកងទ័ពខ្មែរក្រហមចូលមកគ្រប់គ្រងក្នុងភូមិ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់ទុក រិត ជាប្រជាជនចាស់ ឬប្រជាជនមូលដ្ឋាន ដែលរស់នៅសមរភូមិស (ភូមិគោកវែង)។ នៅរបបខ្មែរក្រហម រិត ត្រូវធ្វើការក្នុងកងចល័តស្រុក និងព្រាត់ប្រាសពីឪពុកម្ដាយ។ រិត ថាគាត់ត្រូវធ្វើការដូចជាដកស្ទូង, រកត្រពាំង, រែកលាមកគោ, ភ្ជួររាស់, និងរែកដី នៅភូមិដងទង់, ទូកមាស, ត្រាំសសរ, ត្រពាំងក្រឡា និងកោះស្លា។ គាត់ត្រូវធ្វើការពីព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបបានសម្រាកហូបទឹកបបរ។ រិត ថាការហូបចុកខ្វះខាត គឺមកពីខាងកងសេដ្ឋកិច្ចបុកអង្ករមិនទាន់។ រិត ត្រូវហូបចុកមិនគ្រប់គ្រាន់ និងត្រូវធ្វើការហួសកម្លាំង។ រិត និយាយថា ពិបាកក៏មិនដឹងធ្វើយ៉ាងណានោះទេ គឺមានតែសម្របខ្លួន។

ក្រោយមក រិត ត្រូវដាំដំណាំត្រសក់ និងល្ពៅ, វាយបន្ទាត់ជាក្រឡាឲ្យគេស្ទូង និងវាយបន្ទាត់ឲ្យគេលើកភ្លឺស្រែជាដើម។ បន្ទាប់មក រិត ត្រូវទៅរែកដីនៅព្រៃទន្លេ និងទៅជីកប្រឡាយនៅទំនប់ទាន់ហន់ ដោយមានសមាជិកក្រុមជាងម្ភៃនាក់។ គាត់ជីកប្រឡាយទាំងយប់ទាំងថ្ងៃរហូតទៅដល់វត្តកោះបន្ទាយមាស។ នៅរបបនោះ រិត ត្រូវបានបង្ខំឲ្យរៀបការ ប៉ុន្តែគាត់បានបដិសេធ។ រិត ថាគាត់ឃើញខ្មែរក្រហមរៀបចំឲ្យប្រជាជនរៀបការដោយបង្ខំម្តងជាង៣០គូ។ នៅពេល រិត មានជំងឺ គាត់ត្រូវបានពេទ្យកងទ័ពខ្មែរក្រហមចាក់ថ្នាំព្យាបាល។ នៅរបបខ្មែរក្រហម រិត ថាមានប្រជាជន១៧មេសា ដែលមកពីទីក្រុងភ្នំពេញ និងធ្វើការជាមួយគាត់ ត្រូវបានខ្មែរក្រហមយកទៅវាយសម្លាប់។

នៅឆ្នាំ១៩៧៩ ក្រោយពីរបបខ្មែរក្រហមដួលរលំ រិត បានធ្វើជាប្រធានឃុំអស់មួយរយៈ និងក្រោយមកប្រកបរបរធ្វើស្រែចម្ការរហូតមកទល់បច្ចុប្បន្ន៕

សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin