សៀង វ៉ាត៖ បបរលាយពោត

សៀង វ៉ាត រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (២០២១)

(តាកែវ)៖ សៀង វ៉ាត ភេទស្រី មានអាយុ ៥៩ឆ្នាំ ជាកសិករ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ វ៉ាត មានឪពុកឈ្មោះ តាម៉ូវ, ម្ដាយឈ្មោះ យឹម និងមានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។

នៅវ័យកុមារភាព វ៉ាត បានសិក្សាត្រឹមថ្នាក់ទី៥ នៅសាលាសិរីមានជោគ។ នៅរបបខ្មែរក្រហម វ៉ាត ធ្វើការក្នុងកងកុមារ ដោយត្រូវកាប់ទន្ទ្រានខេត្តសម្រាប់ជី។ គាត់ត្រូវធ្វើការពីព្រលឹមរហូតដល់ម៉ោង១០ព្រឹកទើបបានសម្រាក និងបន្តធ្វើការពីម៉ោង២ថ្ងៃរហូតដល់ពេលល្ងាច។ ចំណែកម្ដាយរបស់វ៉ាត ធ្វើការក្នុងរោងកាស៊ីនបាយ។ វ៉ាត និយាយថា គាត់ត្រូវធ្វើការដោយបង្ខំ និងហូបចុកមិនគ្រប់គ្រាន់ បណ្ដាលឲ្យគាត់ទ្រុឌទ្រោមតាំងពីវ័យក្មេង។  របបអាហារ មានតែបបរលាយជាមួយពោត ឬដំឡូងប៉ុណ្ណោះ។

វ៉ាត និយាយថា នៅរបបខ្មែរក្រហម ប្រជាជនក្នុងភូមិត្រូវបានខ្មែរក្រហមបង្ខំឲ្យរៀបការ ដោយមានចាប់ពីប្រាំគូទៅប្រាំពីរគូក្នុងពេលតែមួយ។ វ៉ាត បានឲ្យដឹងបន្ថែមទៀតថា ប្រជាជនមួយចំនួនទៀត ត្រូវខ្មែរក្រហមយកទៅអប់រំ(សម្លាប់) នៅវត្តកកោះ។ ក្រោយមក បងស្រីម្នាក់របស់វ៉ាត ត្រូវបានបាត់ខ្លួន បន្ទាប់ពីខ្មែរក្រហមជម្លៀសទៅព្រៃ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ម្ដាយរបស់វ៉ាត បានចែកឋានទៅធ្វើឲ្យគាត់កំព្រាម្ដាយ និងគ្មានទីពឹង ចំណែកឪពុកមានវ័យចាស់ជរា។ អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ វ៉ាត បានរៀបការជាមួយប្តីឈ្មោះ កុល ញឹម ដែលសព្វថ្ងៃប្រកបរបររត់កង់បី និងមានកូនចំនួនប្រាំនាក់៕

សម្ភាសដោយ ពេជ្រ លក្ខិណា ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin