សឿ ចាំ៖ «អនិ្ចចាវាសនាមនុស្ស!»

(តាកែវ)៖ សឿ ចាំ ភេទប្រុស មានអាយុ ៦៤ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិព្រេច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ចាំ មានឪពុកឈ្មោះ សឿ ចុង, ម្ដាយឈ្មោះ ម៉ែន នួន និងមានបងប្អូនចំនួនប្រាំនាក់ ក្នុងនោះស្រីពីរនាក់។ ចាំ មានកូនចំនួនបួននាក់ ក្នុងនោះស្រីបីនាក់។
នៅឆ្នាំ១៩៥៩ ចាំ បានចូលរៀននៅសាលាវត្តសិរីជោតវ័ន។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ គឺមានបាតុកម្មនៅក្នុងភូមិ ហើយមិនយូរប៉ុន្មាន គឺមានការទម្លាក់គ្រាប់បែកនៅភ្នំតាម៉ៅ និងមានការប្រយុទ្ធរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ នៅពេលនោះ កងទ័ពខ្មែរក្រហមបានហៅខ្លួនថាជាកងទ័ពរណសិរ្ស។ ក្រោយមក កងទ័ពខ្មែរក្រហម បានចូលកាន់កាប់ភូមិ និងតាំងទ័ពនៅក្នុងវត្តសិរីជោតវ័ន។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមឡើងកាន់អំណាចទូទាំងប្រទេស និងចាត់ទុក ចាំ ជាប្រជាជនចាស់។ ចាំ ត្រូវធ្វើពលកម្មក្នុងកងកុមារឃុំ អស់រយៈពេលបីខែ។ ក្រោយមក ចាំ ត្រូវបានខ្មែរក្រហមជម្លៀសទៅធ្វើការក្នុងកងចល័តតំបន់ នៅស្រុកអង្គរបូរី ដែលនៅជិតព្រំដែនប្រទេសកម្ពុជា-វៀតណាម។ នៅទីនោះ ចាំ ត្រូវរែកដី, លើកទំនប់ និងជីកប្រឡាយ ពីព្រឹកព្រលឹមដល់យប់អធ្រាត្រ។ ចំណែករបបអាហារក្នុងមួយថ្ងៃមានចំនួនពីរពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច ដោយក្នុងមួយពេល ចាំ ទទួលបានតែបបរចំនួនមួយវែកប៉ុណ្ណោះ។ ចាំ និយាយថា គាត់ត្រូវធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ចាំ បន្តថា ខ្មែរក្រហមបានចាត់តាំងប្រជាជនឲ្យរៀបការដោយបង្ខំ ដែលមានរហូតដល់៣០គូក្នុងពេលតែមួយ ហើយអ្នកណាដែលធ្វើតាម នឹងត្រូវបាត់ខ្លួននៅថ្ងៃបន្ទាប់។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីកងទ័ពវៀតណាមបានវាយចូលកាន់កាប់ប្រទេសកម្ពុជា និងផ្តួលរលំរបបខ្មែរក្រហម ចាំ ក៏បានត្រលប់មករស់នៅភូមិកំណើតវិញ។ ចាំ បានរំឭកថា នៅពេលគាត់ធ្វើជាកងកុមារឃុំ គាត់បានឃើញខ្មែរក្រហមដឹកមនុស្សទាំងឡានយកទៅសម្លាប់នៅបរិវេណវត្តតាពោធិចាស់ និងបានពោលថា “អនិច្ចាវាសនាមនុស្ស!»៕
សម្ភាសដោយ ពេជ្រ លក្ខិណា ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥

